Cambodia's daily events-logo

Cambodia's daily events

RFI

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

Location:

Paris, France

Networks:

RFI

Description:

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

Language:

Khmer


Episodes
Ask host to enable sharing for playback control

ការបង្កើនសមយុទ្ធយោធាកម្ពុជា-ចិន កាន់តែធំឆ្លុះបញ្ជាំងយ៉ាងណានៅក្នុងក្រសែភ្នែកបស្ចិមលោក?

5/13/2025
កងទ័ពកម្ពុជា និងកងទ័ពចិនចាប់ផ្តើមធ្វើ«សមយុទ្ធនាគមាស-២០២៥» ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ«ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»។ សមយុទ្ធនាគមាសកម្ពុជា-ចិន បានពង្រីកកាន់តែធំទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយឆ្នាំនេះមានកងទ័ពកម្ពុជា-ចិន ចូលរួមសរុបជាង ២ ០០០នាក់ មានសព្វាវុធ និងឧបករណ៍យោធាកាន់តែទំនើប ក្នុងនោះក៏មានការប្រើបញ្ញាសិប្បនិម្មិត(AI)ដែរ។ អ្នកវិភាគនានាមើលឃើញថា ការបង្កើនសមយុទ្ធយោធាកម្ពុជា-ចិនកាន់តែធំ គឺជាការបង្កើនសមត្ថភាពការពារជាតិរបស់កម្ពុជាស្របទៅនឹងច្បាប់របស់ប្រទេស និងស្របទៅនឹងបរិបទនៃការប្រែប្រួលភូមិសាស្ត្រនយោបាយ។

Duration:00:12:35

Ask host to enable sharing for playback control

អ្វីខ្លះជាការចង់បានរបស់ពលរដ្ឋដើម្បីលើកឡើងនៅក្នុងសមាជរវាងរដ្ឋសភា និងព្រឹទ្ធសភាក្នុងខែមិថុនា?

5/12/2025
តាមគម្រោង សមាជរួមគ្នារវាងរដ្ឋសភា និងព្រឹទ្ធសភានឹងធ្វើឡើងរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី២ ដល់ទី៣ ខែមិថុនាឆ្នាំ២០២៥។ កម្មវត្ថុ គឺបើកផ្លូវឲ្យមានការពិភាក្សារវាងសភាទាំងពីរដើម្បីរកដំណោះស្រាយឲ្យបញ្ហាសំខាន់ៗនានាជូនប្រទេសជាតិ។ អ្នកនយោបាយ និងអ្នកសង្កេតការណ៍បានគាំទ្រឲ្យមានការរៀបចំសមាជបែបនេះ ដោយពួកគេឆ្លៀតរំលេចពីបញ្ហាធំៗមួយចំនួនរបស់ជាតិដែលជាការចង់បានរបស់ពលរដ្ឋដើម្បីយកទៅពិភាក្សារកដំណោះស្រាយ។

Duration:00:10:24

Ask host to enable sharing for playback control

អ្នកតាមដានសង្គម៖ ការមានជំនឿលើអ្វីមួយដោយខ្វះការពិចារណានាំឲ្យជីវិតអន្តរាយ

5/11/2025
នាប៉ុន្មាន​ថ្ងៃ​មក​នេះ ​មាន​ការ​ជជែក​យ៉ាង​ផុល​ផុស​នៅ​តាម​បណ្តាញ​សង្គម​អំពី​ជំនឿ​អរូបិយ​ ឬ​មន្ត​អាគម​ ខណៈ​ដែល​តារា​ចម្រៀង​ល្បី​ឈ្មោះ​ មាស សុខ​សោភា ​ប្រកាស​ចែក​ផ្លូវ​គ្នា​ជា​មួយ​ស្វាមី​ បន្ទាប់​ពី​នាង​មាន​ជំនឿ​ទៅ​លើ​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ឯង​ជា«​តាបស»​នៅ​លើ​ភ្នំ​ត្បែង​។ ​មាស សុខសោភា ​បាន​អំពាវ​នាវ​ឲ្យ​អតីត​ស្វាមី​របស់​ខ្លួន​ដក​ពាក្យ​បណ្តឹង​ដែល​ប្តឹង​«​បុរស​ដែល​តាំង​ខ្លួន​ជា​តាបស»​នោះ ​ពី​បទ​ឆ​បោក​ប្រាក់​២៣​ម៉ឺន​ដុល្លារ​។​ អ្នក​តាម​ដាន​សង្គម លើក​នូវ​ពាក្យ​ស្លោក​បុរាណ​របស់​ខ្មែរ​មករម្លឹកថា ​«មន្តអាគម​ផ្សំ​ជីវិត​ តែ​បើ​ជឿ​មិន​ចេះ​គិត​ធ្វើ​ឲ្យ​ជីវិត​អន្តរាយ​»។

Duration:00:10:28

Ask host to enable sharing for playback control

តើការបន្តធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរក្រៅប្រទេសអាចដាក់សម្ពាធរដ្ឋាភិបាលកម្ពុជាកម្រិតណា?

5/10/2025
នៅថ្ងៃសៅរ៍និងអាទិត្យចុងសប្តាហ៍ ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក បានបន្តជួបជុំធ្វើបាតុកម្ម ដើម្បីទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយ ស្តារលទ្ធិប្រជាធិបតេយ្យ និងលើកយកបញ្ហាអធិបតេយ្យភាពកោះគុតប្តឹងទៅតុលាការអន្តរជាតិ។ អ្នកនយោបាយនៅក្រៅប្រទេសថា ការបន្តធ្វើបាតុកម្មនេះ គឺដើម្បីដាក់សម្ពាធរដ្ឋាភិបាលកម្ពុជា ឲ្យគិតគូពីបញ្ហានយោបាយនិងបញ្ហាព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង។ តើការបន្តធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរក្រៅប្រទេសអាចដាក់សម្ពាធរដ្ឋាភិបាលកម្ពុជាកម្រិតណា?

Duration:00:10:07

Ask host to enable sharing for playback control

តើការប្រើប្រាស់បណ្តាញសង្គមបែបអសីលធម៌នឹងប៉ះពាល់ដល់ប្រទេសកម្ពុជាក្នុងកម្រិតណា?

5/9/2025
គេសង្កេតឃើញជាទូទៅថា ការប្រើប្រាស់បណ្តាញសង្គមដោយគ្មានសីលធម៌ ទាំងនយោបាយ និងសង្គមវប្បធម៌បាន និងកំពុងកើតឡើងជារៀងរាល់ថ្ងៃនៅក្នុងប្រទេសកម្ពុជា។ ការជេរបញ្ចោរ ការហែកហួរគ្នា ការប្រព្រឹត្តអំពើអាក្រក់ ការកាត់តរូបភាព វីដេអូ និងសម្លេងជាដើមសុទ្ធសឹងជារូបភាពដែលបានកើតឡើងនៅលើបណ្តាញសង្គម ពិសេសហ្វេសប៊ុក។ បញ្ហានេះត្រូវបានអ្នកតាមដានសង្គមខ្លះមើលឃើញថា គឺធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់ខ្មែរ តែមេដឹកនាំខ្មែរមិនចាត់ទុកថាវាជាការឆ្លុះបញ្ចាំងឲ្យប្រទេសទាំងមូលទេ។

Duration:00:11:32

Ask host to enable sharing for playback control

ផលប្រយោជន៍រវាងកម្ពុជា និងទីម័រខាងកើត តាមរយៈទំនាក់ទំនងស្និទ្ធស្នាលរវាងមេដឹកនាំទាំង២

5/8/2025
ប្រធានាធិបតីទីម័រខាងកើត លោក ចូសេ រ៉ាម៉ូស ហ័រតា(José Ramos-Horta) បានទទួលបដិសណ្ឋារកិច្ច និងបើករថយន្តដោយផ្ទាល់ជូនលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានបំពេញទស្សនកិច្ចនៅទីម័រខាងកើតនាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។ កាយវិការរបស់ លោក ចូសេ រ៉ាម៉ូស ហ័រតា ចំពោះលោក ហ៊ុន សែន ដូចនេះជាសក្ខីកម្មបង្ហាញថា មេដឹកនាំនៃប្រទេសទាំងពីរមានភាពស្និទ្ធស្នាលនឹងគ្នាយ៉ាងខ្លាំង។ តើកម្ពុជា និងទីម័រខាងកើតមានផលប្រយោជន៍អ្វីខ្លះរវាងគ្នា?

Duration:00:10:46

Ask host to enable sharing for playback control

តើការប្រើក្រដាសប្រាក់សរសេរសាររិះគន់អ្នកកាន់អំណាចដើម្បីចែកចាយមានឥទ្ធិពលលើពលរដ្ឋឬទេ?

5/7/2025
អ្នក​នយោ​បាយ​ប្រឆាំង​បាន និង​កំពុង​បន្ត​ផ្សព្វ​ផ្សាយ ករណី​ដែល​គេ​អះអាង​ថា មាន​ការ​បាច​ក្រដាស​ប្រាក់រៀល​ជា​ច្រើន​សន្លឹក​ជា​បន្ត​បន្ទាប់​នាប៉ុន្មាន​ថ្ងៃ​មក​នេះ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​។ សារ​នៅ​លើ​ក្រដាស​ប្រាក់​រៀល​នោះ មាន​ខ្លឹម​សារ​ រិះ​គន់​ខ្លាំងៗ​ទៅ​លើ​អ្នក​កាន់​អំណាច​បច្ចុប្បន្ន​នេះ។​ លោក សម រង្ស៊ី ប្រធាន​ចលនា​ជាតិ​តស៊ូ ​អះអាង​ថា យុទ្ធនា​ការ​នេះផុស​ចេញ​ពី​ឆន្ទៈ​របស់​ពល​រដ្ឋខ្មែរ​ ដែល​រង​ភាព​អយុត្តិធម៌ តែ​លោក​បដិសេធ​ថា ​យុទ្ធនា​ការ​នេះមិន​មែន​រៀប​ចំ​ឡើង​ដោយ​ក្រុម​បក្ស​ប្រឆាំង​ណា​មួយ​នោះទេ​។ ​តើ​ការ​ប្រើ​ក្រដាស​ប្រាក់​សរសេរ​សារ​រិះ​គន់​អ្នក​កាន់​អំណាច​ដើម្បី​ចែក​ចាយ​មាន​ឥទ្ធិ​ពល​លើ​ពល​រដ្ឋ​ឬ​ទេ​?

Duration:00:11:53

Ask host to enable sharing for playback control

តើបញ្ជានាយករដ្ឋមន្ត្រីឲ្យត្រួតពិនិត្យម៉ឺងម៉ាត់ការនាំចូលសាច់ បន្លែ នឹងមានប្រសិទ្ធភាពដែរឬទេ?

5/6/2025
ក្រសួងសុខាភិបាលកម្ពុជាបានប្រាប់ឲ្យដឹងថា ក្នុង១ឆ្នាំៗ មានអ្នកកើតជំងឺមហារីកថ្មីចំនួន ២០ ០០០នាក់ ក្នុងនោះមានស្លាប់ ១៤ ០០០នាក់ ពោលមានស្លាប់ម្នាក់នៅរៀងរាល់៤០នាទី ឬស្មើនឹងប្រមាណ ៣៨នាក់ ក្នុង១ថ្ងៃ។ ប្រឈមនឹងបញ្ហានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានប្រាប់ឲ្យអាជ្ញាធរពាក់ព័ន្ធពិនិត្យឲ្យបានតឹងរឹងនូវការនាំចូល សាច់ បន្លែពីក្រៅប្រទេស។ អ្នកតាមដានសង្គម និងសុខភាព បានគាំទ្រនឹងការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល តែយល់ថាមន្ត្រីអនុវត្តច្បាប់ត្រូវមានភាពម៉ឺងម៉ាត់ និងធ្វើឡើងជាប់ជានិរន្តរ៍។

Duration:00:12:04

Ask host to enable sharing for playback control

អ្នកឃ្លាំមើលថា ការកាត់ទោស លោក រ៉ុង ឈុន ជាការបញ្ចប់ជីវិតនយោបាយរបស់គាត់

5/5/2025
នៅ​ថ្ងៃ​ចន្ទ​ទី​៥ ខែ​ឧសភា​នេះ សា​លា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​បាន​សម្រេច​ដាក់​ទោស​ លោក​ រ៉ុង ឈុន ទី​ប្រឹក្សា​គណ​បក្ស​កម្លាំង​ជាតិ​ឲ្យជាប់​ក្នុង​ពន្ធនា​គារ​ចំនួន ០៤ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៤ លាន​រៀល ​ព្រម​ទាំង​មិន​ឲ្យលោក​ឈរ​ឈ្មោះ​បោះ​ឆ្នោត និង​ដក​សិទ្ធិ​មិន​ឲ្យ​បោះ​ឆ្នោត​មួយ​ជីវិត​។ ​អ្នក​នយោបាយ​ប្រឆាំង​ និង​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស ចាត់​ទុក​ថា ការ​កាត់​ទោស​នេះ មាន​លក្ខណៈ​នយោ​បាយ និង​ជាការ​បញ្ចប់​ជីវិត​នយោ​បាយ​របស់ លោក រ៉ុង ឈុន កុំ​ឲ្យ​ចូល​រួម​ប្រកួត​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០២៨​៕

Duration:00:08:12

Ask host to enable sharing for playback control

មេដឹកនាំចិន និងវៀតណាមប្រជែងគ្នាប្រើវោហាសាស្ត្រស្និទ្ធស្នាលនឹងកម្ពុជាគឺជារឿងល្អ ឬគួរឲ្យបារម្ភ?

5/4/2025
នៅក្នុងជំនួបជាមួយលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាអំឡុងពេលលោកចូលរួមខួប៥០ឆ្នាំនៃថ្ងៃបង្រួបបង្រួមវៀតណាមនៅសប្តាហ៍នេះ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមបានថ្លែងថាទំនាក់ទំនងកម្ពុជា-វៀតណាម គឺជាទំនាក់ទំនងដ៏ល្អ ដែលស្ទើរតែគ្មានទំនាក់ទំនងណាល្អដូចទំនាក់ទំនងរវាងប្រទេសទាំងពីរឡើយ នៅលើពិភពលោក។ ដោយឡែក ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក៏ធ្លាប់បានបញ្ជាក់ជាមួយមេដឹកនាំកម្ពុជា អំឡុងពេលលោកធ្វើទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី១៧ មេសាកន្លងទៅថា ក្នុងនាមជាមិត្តដែកថែបរបស់កម្ពុជា ចិននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយកម្ពុជា និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តគាំទ្រកម្ពុជាយ៉ាងមុតមាំនៅគ្រប់កាលៈទេសៈ។ តើការអះអាងពីទំនាក់ទំនងស្និទ្ធស្នាលរបស់មេដឹកនាំចិន និងវៀតណាមជាមួយកម្ពុជាជារឿងគួរឲ្យសាទរ ឬជារឿងគួរឲ្យបារម្ភ?

Duration:00:11:49

Ask host to enable sharing for playback control

តើការស្នើឲ្យបរទេសដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជាជាការបំផ្លាញផលប្រយោជន៍ជាតិ?

5/3/2025
ប្រមុខរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១ឧសភា បានប្រតិកម្មតបទៅនឹងសកម្មភាពរបស់ក្រុមអ្នកនយោបាយនៅក្រៅប្រទេស ដែលបានស្នើឲ្យសហគមន៍អឺរ៉ុបដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា ចំពោះការមិនគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែតបានចាត់ទុកសកម្មភាពខាងលើថា ជាការធ្វើឲ្យខាតបង់ដល់ប្រយោជន៍ជាតិនិងប្រជាពលរដ្ឋ។ អ្នកតាមដាននយោបាយនៅស្រុកខ្មែរ យល់ថា ក្នុងរបត់សេដ្ឋកិច្ចពិភពលោកកំពុងស្រពិចស្រពិលដោយសាររដ្ឋបាលអាមេរិកថ្មី អ្នកនយោបាយនៅក្រៅប្រទេសគួរធ្វើសកម្មភាពណាដែលចំណេញដល់កម្ពុជា ពោលគឺមិនមែនការញុះញង់ឲ្យបរទេសដាក់សម្ពាធបន្ថែមលើកម្ពុជានោះទេ។ តើការស្នើឲ្យបរទេសដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា ពិតជាការបំផ្លាញផលប្រយោជន៍ជាតិមែនឬ?

Duration:00:12:44

Ask host to enable sharing for playback control

ការតម្រូវឲ្យមន្រ្តីមានក្បាលពោះធំទៅហាត់ប្រាណសម្រកក្បាលពោះអាចបង្កើនប្រសិទ្ធភាពការងារ?

5/2/2025
ថ្មីៗនេះ ស្នងការនគរបាលរាជធានីភ្នំពេញបានចែកចាយរូបភាពដែលបង្ហាញមន្រ្តីនគរបាលមានពោះក្បាលធំចាប់ផ្តើមហាត់ប្រាណដើម្បីផ្លាស់ប្តូររាងកាយ និងសម្រកក្បាលពោះ។ អ្នកតាមដានសង្គមកម្ពុជាយល់ថា ការតម្រូវឲ្យមន្រ្តីដែលមានក្បាលពោះធំទៅហ្វឹកហាត់កីឡាជារឿងល្អប្រសើរដើម្បីអាចពង្រឹងការអនុវត្តការងារជូនជាតិ និងប្រជាជនប្រកបដោយប្រសិទ្ធភាព។

Duration:00:14:01

Ask host to enable sharing for playback control

អ្វីទៅជាស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងឆ្នាំ២០២៥?

5/1/2025
របាយការណ៍ចេញផ្សាយដោយក្រសួងព័ត៌មាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានឲ្យដឹងថា អ្នកសារព័ត៌មានចំនួន ៨១,៤% ក្នុងចំណោមអ្នកដែលត្រូវបានគេស្ទង់មតិសរុបចំនួន ៤៦៧នាក់បានវាយតម្លៃថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ក្នុងនោះមាន ៧២,២% ឆ្លើយថាល្អ និង៩,២% ឆ្លើយថាល្អបំផុត។ តែអ្នកពាក់ព័ន្ធនឹងវិស័យសារព័ត៌មានខ្លះបានលើកជាចម្ងល់ជុំវិញសូចនាករនៃការវាស់វែងពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥ និងខ្លះទៀតបានសាទរ បើស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាពិតជាមានភាពល្អប្រសើរជាងឆ្នាំកន្លងទៅមែននោះ៕

Duration:00:12:55

Ask host to enable sharing for playback control

ជំនួប លោក ហ៊ុន សែន និងបក្សជំទាស់ជា «សន្លឹកបៀ» ដើម្បីតតាំងនឹងពន្ធដែលអាមេរិកដាក់លើកម្ពុជា?

4/30/2025
លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា និង​ជា​ប្រធាន​គណ​បក្ស​កាន់​អំណាច​បាន​ទទួល​ជួប​សមាជិក​គណបក្ស​ជំទាស់​ដែល​មាន​សំឡេង​ក្នុង​ព្រឹទ្ធសភា​កាលពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២៥​។​ នេះ​ជា​ជំនួប​លើក​ទី​២ បន្ទាប់ពី​ជំនួប​លើក​ទី​១ កាលពី​អំឡុង​ខែ​មេសា ឆ្នាំ​២០២៤។ សម្រាប់​ក្រុម​អ្នក​វិភាគ ជំនួប​ទាំង ២​លើក​នេះហាក់​មិន​មាន​សញ្ញា​ប្រែប្រួល​នយោបាយ​នៅ​កម្ពុជា​ទេ​។ តែ​អ្នក​នយោបាយ​ប្រឆាំង​យល់ថា ជំនួប​នេះជា​ការ​បង្កើត ​«សន្លឹកបៀ» ថ្មី​ដើម្បី​ទុក​ឲ្យ​រដ្ឋាភិបាល​លេង​ជាមួយ​អាមេរិក​នៅ​ក្នុង​ការ​ចរ​ចាពន្ធ​ដែល​អាមេរិក​ដាក់​លើ​កម្ពុជា​ក្នុង​អត្រា​ដល់​ទៅ ​៤៩%​៕

Duration:00:11:30

Ask host to enable sharing for playback control

តើការមិនបង្កើតពន្ធថ្មីរបស់រដ្ឋាភិបាលអាចជួយបង្កើនជីវភាពពលរដ្ឋបានកម្រិតណា?

4/29/2025
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានបញ្ជាក់នៅព្រឹកថ្ងៃទី២៩ ខែមេសានេះថា រដ្ឋាភិបាលអាណត្តិទី៧ នេះបានបន្ធូរបន្ថយការយកពន្ធច្រើន ពិសេសមិនបង្កើតពន្ធថ្មីដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ពលរដ្ឋ។ តាមលោក ហ៊ុន ម៉ាណែត កម្រិតនៃការយកពន្ធរបស់រដ្ឋាភិបាលមានកម្រិតទាបជាងបណ្តាប្រទេសជាច្រើនលើលោក។ អ្នកតាមដានសង្គមសាទរចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលដែលមិនបង្កើតពន្ធថ្មី។ តែអ្នកវិភាគសង្គម និងសេដ្ឋកិច្ចយល់ថា នៅក្នុងបរិបទពិភពលោកសព្វថ្ងៃ រដ្ឋាភិបាលគួរបន្ថយការយកពន្ធ ឬមិនយកពន្ធពីពលរដ្ឋតែម្តង។

Duration:00:14:44

Ask host to enable sharing for playback control

នៅក្នុងបរិបទសេដ្ឋកិច្ចសកលមិនច្បាស់លាស់ តើប្រាក់ឈ្នួលកម្មករគួរបន្តដំឡើង ឬយ៉ាងណា?

4/28/2025
នៅក្នុងជំនួបជាមួយសហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅជ្រោយចង្វារ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហាញពីសុឆន្ទៈរបស់រដ្ឋាភិបាលក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករ និយោជិតនៃវិស័យកាត់ដេរ ទោះក្នុងកាលៈទេសៈលំបាកក៏ដោយ។ មេដឹកនាំសហជីព និងអ្នកពាក់ព័ន្ធវិស័យកាត់ដេរបានទទួលស្គាល់ថា កម្ពុជាពិតជាមានការដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំ ទោះតិច ឬច្រើន។ តែមេដឹកនាំសហជីពក៏យល់ឃើញថា ការដំឡើងប្រាក់ឈ្នួលជារឿងចាំបាច់ ព្រោះទំនិញលើទីផ្សារក៏បានឡើងថ្លៃពីមួយឆ្នាំទៅមួយឆ្នាំដែរ។

Duration:00:11:03

Ask host to enable sharing for playback control

តើការបញ្ជូនកងទ័ពកម្ពុជាទៅដើរក្បួនអបអរខួបថ្ងៃបង្រួបបង្រួមជាតិវៀតណាមមានអត្ថន័យយ៉ាងណា?

4/27/2025
នាពេលថ្មីៗនេះ កាសែតរដ្ឋវៀតណាមបានចុះផ្សាយអំពីការហាត់សមដំណើរព្យុហយាត្រា ដើម្បីអបអរកម្មវិធីខួបទី៥០ នៃការបង្រួបបង្រួមជាតិវៀតណាម។ អ្វីដែលការកត់សម្គាល់ នេះជាលើកទី១ដែលភាគីវៀតណាមបានអញ្ចើញកងទ័ពបរទេសចូលរួមដង្ហែព្យុហយាត្រារបស់ខ្លួន រួមមានកង​ទ័ព​មក​ពី​ប្រទេស​ចិន ឡាវ និង​កម្ពុជា។ ចំពោះអ្នកតាមដានសង្គមកម្ពុជា ការបញ្ជូនកងទ័ពកម្ពុជាទៅអបអរថ្ងៃបង្រួបបង្រួមជាតិវៀតណាមនាពេលនេះ គឺបានបង្ហាញពីទំនាក់ទំនងការពារជាតិដ៏រឹងមាំរបស់ប្រទេសទាំង២។ ប៉ុន្តែពួកគេថា កម្ពុជាក៏ត្រូវតែបញ្ជាក់ជំហរខ្លួនទៅកាន់ភាគីវៀតណាម ដើម្បីរំឭកថាកម្ពុជាបានរួមចំណែកដល់ឯករាជ្យភាពរបស់វៀតណាមកាលពី៥០ឆ្នាំមុន។ ដូច្នេះ តើការចូលរួមរបស់កងទ័ពកម្ពុជា ក្នុងខួបទី៥០នៃការបង្រួបបង្រួមជាតិវៀតណាមមានអត្ថន័យបែបណា?

Duration:00:13:02

Ask host to enable sharing for playback control

អ្នកឃ្លាំមើលគាំទ្រការបញ្ឈប់ផ្តល់រង្វាន់តាមកំប៉ុងភេសជ្ជៈ និងគ្រឿងស្រវឹង

4/26/2025
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០២៥ ទីស្តីការគណៈរដ្ឋមន្ត្រី បានប្រកាសពីគោលការណ៍ដែលរដ្ឋាភិបាលកម្ពុជាត្រៀមចាត់វិធានការបញ្ឈប់ការផ្តល់រង្វាន់តាមរយៈគម្របដបនិងក្រវិលកំប៉ុងក្នុងឧស្សាហកម្មភេសជ្ជៈនិងគ្រឿងស្រវឹង។ អ្នកឃ្លាំមើលបញ្ហាសង្គមថា នេះជាជំហានដ៏ល្អសម្រាប់កម្ពុជាឆ្ពោះទៅរកការកាត់បន្ថយការសេពគ្រឿងស្រវឹង ជាពិសេសក្នុងស្រទាប់យុវវ័យ។ យ៉ាងណាក្តី អ្នក​តាម​ដាន​សង្គម យល់ថា មានតែការបញ្ឈប់ការផ្សាយពាណិជ្ជកម្មនៅទីសាធារណៈទាំងស្រុង គឺជាមធ្យោបាយដ៏មានប្រសិទ្ធិភាពឆ្ពោះទៅការកាត់បន្ថយការសេពគ្រឿងស្រវឹង។

Duration:00:11:04

Ask host to enable sharing for playback control

កំណើននៃការទូទាត់ប្រាក់តាម QR code ជារឿងដ៏វិជ្ជមាននៃវិស័យសេដ្ឋកិច្ច ឬយ៉ាងណា?

4/25/2025
ទេសាភិបាលធនាគារជាតិនៃកម្ពុជាលោកស្រី ជា សិរី កាលពីពេលថ្មីៗនេះបានឲ្យដឹងថាបច្ចុប្បន្ននេះចំនួន QR code សម្រាប់ទូទាត់ប្រាក់ ដែលបានស្នើ និងអនុញ្ញាតឲ្យដាក់នៅតាមបញ្ជ ទូទាត់ និងហាងទំនិញកើនដល់ជាង១,៥លាន។ ការទូទាត់ឆ្លងដែនតាមរយៈ KHQR Code ក៏បានពង្រីកកាន់តែទូលំទូលាយទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់ផងដែរ។ អ្នកជំនាញសេដ្ឋកិច្ចនានាមើលឃើញថាកំណើននៃការទូទាត់ប្រាក់តាម QR code នៅក្នុងបរិបទនៃប្រទេសកម្ពុជា គឺជាចំណុចវិជ្ជមាននៃវិស័យសេដ្ឋកិច្ចជាតិ ជាជាងហានិភ័យ។

Duration:00:12:10

Ask host to enable sharing for playback control

តើជំនួបថ្នាក់ដឹកនាំកម្ពុជា-ថៃ អាចដោះស្រាយសំណុំរឿងធំៗបានកម្រិតណា?

4/24/2025
នៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់នាយករដ្ឋមន្ត្រីថៃនៅប្រទេសកម្ពុជា ប្រមុខរដ្ឋាភិបាលកម្ពុជាបានរំលេចឱ្យឃើញពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការបន្តចាប់ដៃគ្នាកសាងសហគមន៍រួមគ្នា ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ។ តែចំពោះសំណុំរឿងក្តៅៗ ដូចជា បញ្ហាកោះគុត តំបន់ប្រេងត្រួតស៊ីគ្នានៅក្នុងសមុទ្រ បញ្ហាព្រំដែន នៅតំបន់ប្រាសាទតាមាន់ធំ និងករណីឃាតកម្មលើអតីតតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិលោក លិម គិមយ៉ានៅទីក្រុងបាងកក ពុំត្រូវបានលើកឡើងមកនិយាយនៅក្នុងការបូកសរុបលទ្ធផលនៃដំណើរទស្សនកិច្ចនោះទេ។ ចំពោះអ្នកនយោបាយ និងអ្នកវិភាគ ភាគីទាំងពីរ កម្ពុជា ថៃអាចមិនលើកយកសំណុំរឿងទាំងនេះមកជជែកគ្នា ពីព្រោះរដ្ឋាភិបាលទាំងពីរបារម្ភខ្លាចខាតបង់ផលប្រយោជន៍រវាងគ្នា។ តើក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃនៅកម្ពុជារយៈពេល២ថ្ងៃមកនេះ ភាគីទាំងពីរពិតជាមិនអើពើលើកនិយាយពីសំណុំរឿងធំៗដែលជាប្រយោជន៍ជាតិពិតមែន ឬយ៉ាងណា?

Duration:00:13:47